ស្ត្រី​ម្នាក់មាន​ប្ដី​កូន​មួយ​ទៅហើយ ត្រូវបានបុរសម្នាក់ស្គាល់គ្នាតាមហ៊្វេសប៊ុក បោកប្រាស់យកអស់ទាំងខ្លួនទាំងរបស់...


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ចាញ់បោក​ការ​លួងលោម​របស់​បុរស​ម្នាក់​ដែល​ស្គាល់គ្នា​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក អស់ កាបូប​លុយ និង​ទូរស័ព្ទ​សាំ​សុង​មួយ​គ្រឿង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ម៉ៅ ម៉ា​រី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ភូមិកំណើត​នៅ​ភូមិ​ព្រៃ​ចំបក់ ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។ ចំណែក​ជន​បង្ក​ស្គាល់គ្នា​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​រង​គ្រោះ​ដើរ​ក្នុងភូមិ​កើត​ហេតុតែ​ម្នាក់ឯង​ដោយ​មាន​សភាព​មិន​ប្រក្រតី យកដៃ​ផ្ទប់​មុខ​មាន​របួស​ជាំ​ក្រហម​ពេញ​មុខ ។

បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​សួរនាំ​ស្ត្រី​ខាងលើ​និយាយ​ថា ខ្លួន​ត្រូវ​គេ​ដាក់​ថ្នាំ​យក​កាបូប​លុយ និង​ទូរស័ព្ទ​បាត់​ហើយ ប៉ុន្តែ​ពេល​សួរនាំ​អ្វី​ៗ​ផ្សេង​ទៀត​មិន​ប្រាប់​ទេ ម្តង​ប្រាប់​ថា​ជិះ​ម៉ូតូ​មក ម្តង​ថា​ជិះ​ជាមួយ​គេ ។ ដោយសារ​ឃើញ​សភា​ពន​មិនសូវ​ស្រួល ប្រជាពលរដ្ឋ​នៅ​បាន​វាយ​ខ្ទឹមស​ឲ្យ​គាត់​ហិត​ព្រោះ​ខ្លាច​ត្រូវ​គេ​ដាក់​ថ្នាំ លុះ​មួយសន្ទុះ​ក្រោយមក​ទើប​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍ ។


តាម​ប្រភព​ពី​លោកនាយ​ប៉ុ​សិ៍​សង្កាត់​សំរោង​បាន​និយាយ​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​មិនមែន​ត្រូវ​ថ្នាំ​គេ​ទេ គឺ​សង្ស័យ​ចាញ់​ការ​លួងលោម​របស់​បុរស​ម្នាក់​យក​កាបូប និង​ទូរស័ព្ទ​ទៅ​អស់ ព្រោះ​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​លេខ​ទូរស័ព្ទ​របស់​ក្រុម​គ្រួសារ​ដែរ តែ​ទាក់ទង​ពុំ​ចូល ត្រូវ​លោកនាយ​ប៉ុ​សិ៍​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ផ្ទះ​ជួល​តែ​ម្តង ។ ខណៈ​ពេល​នាំ​ជន​រង​គ្រោះ​ទៅ​ដល់​ផ្ទះ​ជួល​ម្ចាស់ផ្ទះ​ហើយ​សួរនាំ​បានដឹង​ថា ស្ត្រី​រង​គ្រោះជា​មនុស្ស​មាន​ប្តី និង​មានកូន​ម្នាក់ អាយុ​ជិត​២​ខួប​ទៅ​ហើយ ប៉ុន្តែ​ស្ត្រី​ខាងលើ​បាន​ទាក់ទង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ជន​បង្ក និង​បាន​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​ណាត់ជួប​គ្នា ។

បើ​តាម​ប្រភព​ពី​ប្អូនស្រី​របស់​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ម៉ៅ ស្រី​ណុ​ច បាន​និយាយ​ថា នៅ​ពេល​ថ្ងៃរសៀល​ម៉ោង​០៤ ថ្ងៃ​ដដែល បងស្រី​របស់​គាត់​គឺ​មាន​មិត្ត​ប្រុស​ម្នាក់​ដែល​ស្គាល់​តាម​ហ្វេ​ស​ប៊ុ​ក ដែល​ទើបនឹង​ស្គាល់គ្នា​តាម​ឆាត ហើយ​បបួល​បងស្រី​នាង​ទៅ​ហូប​ស្រា​ក្លែម​សាច់ក្រក​នៅ​កំ​បូល ផ្លូវជាតិ​លេខ​៤ ដោយ​រូប​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​បងស្រី​ទៅ​ជួប​គ្នា រួច​ហើយ​បាន​នាំ​គ្នា​ផឹកស្រា​ក្លែម​សាច់ក្រក ។ លុះ​ពេល​ផឹកស៊ី​បាន​បន្តិច​រូ​ច​គាត់​បាន​បបួល​បងស្រី​របស់​ខ្លួន​ត្រលប់​មក​ផ្ទះ​វិញ តែ​បងស្រី​ប្រាប់​ថា ចាំ​កន្លះ​ម៉ោង​ទៀត​ពួក​គាត់​នឹង​ទៅ​វិញ​ហើយ ទើប​រូប​គាត់​បាន​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​មុន នៅ​សល់​តែ​បងស្រី និង​បុរស​ដែល​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​នោះ នៅ​ផឹកស៊ី​បន្ត​ទៀត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ ទើប​ឃើញ​បងស្រី​ដើរមក​វិញ​ទាំង​សភាព​ដូច​ត្រូវ​ថ្នាំ ទើប​សមត្ថកិច្ច​សង្ស័យ​ថា​ជន​រង​គ្រោះ​ចាញ់បោក​ការ​លួងលោម​របស់​ជនល្មើស​អស់​កាបូប និង​ទូរស័ព្ទ​ដៃ​សាំ​សុង​មួយ​គ្រឿង ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​សាកសួរ​រួចរាល់ ហើយ​ឲ្យ​នារី​រង​គ្រោះ​ខាងលើ រង​ចាំ​ព្រឹកស្អែក​ចាំ​ស្វាង​ស្រា​ចាំ​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុ​សិ៍​សំរោង​ក្រោម ។
Ads
Copyright © 2018 Tnaot Khmer News - All Rights Reserved.